ស្វែងយល់អំពីប្រវត្តិនិងស្ថាបនិកដែលបង្កើត Drupal
សម្រាប់ការបង្កើតគេហទំព័រនាពេលបច្ចុប្បន្ននេះដោយប្រើប្រាស់ពពួក CMS (Content Management System) ពិតជាមានការពេញនិយមខ្លាំង ខណៈពេលដែលមាន CMS រាប់រយដែលបានចាប់កំណើតឡើងដែលមានទាំង ប្រភេទគិតប្រាក់ព្រមទាំង ប្រភេទCMS បែបកូដចំហនិង មិនគិតប្រាក់។ Drupal ជាកំពូល CMS ដែលមានប្រជាប្រិយភាពមួយលើពិភពលោកដែលមានលក្ខណៈ កូដចំហនិងមិនគិតថ្លៃ។ ដូចនេះយើងនឹងលើកយកប្រវត្តិ លោក Dries Buytaert ដែលជាអ្នកបង្កើត Drupal ព្រមទាំងប្រវត្តិនៃការបង្កើត Drupal ផងដែរ។
លោក Dries Buytaert បានកើតនៅថ្ងៃទី ១៩ខែ វិច្ឆិកាឆ្នាំ ១៩៧៨ នៅឯWilrijk ប្រទេស បែលហ្ស៊ិក។ លោកបានចាប់ផ្ដើមសិក្សាផ្នែក វិទ្យុសាស្ត្រកុំព្យូទ័រ នៅឯសកលវិទ្យាល័យ Antwerp ក្នុងឆ្នាំ ១៩៩៦ ដែលក្នុងកំលុងពេលនៃការសិក្សាលោកមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការបង្កើតកម្មវិធីដែលមានលក្ខណៈជាកូដចំហ ដូចនេះហើយទើបលោកស្ម័គ្រចិត្តបង្កើតឯកសារជំនួយ Linux WLAN FAQ សម្រាប់អ្នកដែលប្រើប្រាស់ Linux ក្នុងឆ្នាំ ១៩៩៩និង ឆ្នាំ២០០០។លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រក្នុង ឆ្នាំ ២០០០ ដែលក្នុងឆ្នាំនេះហើយដែលគាត់បានបង្កើត Drupal ឡើង ដែលដំបូងវាគ្រាន់តែជា គេហទំព័រមួយដែលគាត់ប្រើប្រាស់ជាមួយមិត្តភ័ក្ដិទាំង ៨នាក់របស់គាត់ក្នុងអន្តេវាសិកដ្ឋាននៃមហាវិទ្យាល័យរបស់គាត់ ដែលប្រើប្រាស់តែក្នុងបណ្ដាញ Network របស់គាត់សម្រាប់និយាយពីព័ត៌មាននៃបញ្ហាបណ្ដាញកុំព្យូទ័រឬ និយាយពីការញាំអាហារពេលល្ងាចជាដើម។
តែក្រោយពីពួកគេបានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យនេះមក ពួកគេក៏បានបែកគ្នាដូចនេះគេហទំព័រនេះលែងត្រូវបានបង្ហោះក្នុងបណ្ដាញ Network ដូចមុនទៀតហើយ គឺពួកគេបានយកគេហទំព័រទាំងនេះបង្ហោះនៅលើអ៊ីនធឺណិតដែលមាន Domain ថា Drop.org។ ពួកគេបានគិតថាគេហទំព័រនេះនិងមិនមាននរណាផ្សេងអានឡើយបើពួកគេគ្រាន់តែនិយាយពីការញ៉ាំអាហារពេលល្ងាចនោះ ដូចនេះហើយពួកគេបានចាប់ផ្ដើមសរសេរពីបច្ចេកវិទ្យាថ្មីៗ។ ក្រោយមកក្នុងខែមករា ឆ្នាំ ២០១០ គាត់បានបញ្ចេញនូវ Software ដែលដំណើរការគេហទំព័រ drop.org នេះអោយអ្នកគ្រប់គ្នាបាន Download យកទៅប្រើប្រាស់ដែល លោក Dries Buytaer បានឲ្យឈ្មោះវាថា Drupal ជំនាន់ទី១។គួរបញ្ជាក់ថាពាក្យ Drupal នេះជាភាសាអង់គ្លេសដែលយកសូរស្រដៀងទៅនឹងពាក្យថា Druppel នៃភាសា Dutch ដែលមានន័យថា ដំណក់ទឹក។ ការចេញឲ្យ Download និងប្រើប្រាស់នូវ Drupal នេះគឺដោយសារតែចង់ឲ្យមានការប្រើប្រាស់ Drupal សម្រាប់ការបង្កើត Website និងក៏ចង់ឲ្យមានការចូលរួមពីសំណាក់អ្នកអភិវឌ្ឍន៍គេហទំព័រផ្សេងទៀតជួយសហការធ្វើឲ្យ Drupal មានលក្ខណៈឲ្យកាន់តែប្រសើរឡើង ដែលបែបនេះហើយទើប Drupal បានក្លាយជា Open-source Content Management System។ ដោយសារតែការប្រើប្រាស់ Content Management System(CMS) ក្នុងការបង្កើតគេហទំព័រមិនសូវជាទាន់មានភាពពេញនិយមខ្លាំងក្នុងពេលនោះ ទើបDrupal មិនទាន់មានអ្នកប្រើប្រាស់ស្គាល់ខ្លាំង ពោលគឺមានការពេញនិយមតាមតំបន់តែប៉ុណ្ណោះ តែទោះជាយ៉ាងណាក្ដីក៏ Drupal មានភាពជោគជ័យផងដែរព្រោះមានការចេញនូវកំណែ(Version) ថ្មីៗជាបន្តទៀត ដែលក្នុងខែតុលា ឆ្នាំ២០០៤ Drupal បានបញ្ចេញនូវកំណែ 4.5 ដែលមានលក្ខណៈពិសេសដូចជា អាចកែប្រែនូវ មីនុយបង្ហាញ Custom Profile Field , មាននូវការភ្ជាប់ឯកសារ Attachment ដែលសុទ្ធសឹងតែជាការកែប្រែយ៉ាងខ្លាំងរបស់ Drupal។
ក្នុងការជួបជុំអ្នកសរសេរកម្មវិធីក្នុងខែកុម្ភៈ ឆ្នាំ ២០០៥ នៅឯ Antwerpដែលការជួបជុំនេះមានឈ្មោះថាDrupalCon។ព័ត៌មានដែលល្អបំផុតសម្រាប់ Drupal និងលោក Dries Buytaert ក៏ដូចជាក្រុមអភិវឌ្ឍ Drupal ទាំងមូលរីករាយនោះគឺគេហទំព័រធំៗជាច្រើនបានសម្រេចប្រើប្រាស់Drupal ដែលវាជាលទ្ធផលដ៏គាប់ប្រសើរ។ ដោយសារមានអ្នកប្រើប្រាស់ Drupal កាន់តែច្រើនទៅៗ។ ក្រោយមក DrupalCon មានការជួបជុំ២ដងក្នុង១ឆ្នាំក្នុងទីក្រុងផ្សេងៗគ្នា។
មកដល់ឆ្នាំ ២០០៦ នៅក្នុងវែបប្លុក(Blog) របស់លោក Dries Buytaert ផ្ទាល់ (http://buytaert.net/) គាត់បានបង្ហាញនូវចំណាប់អារម្មណ៍មួយចំនួនជាមួយ Drupal ថា វាជាបទពិសោធមួយដែលលោកបានទទួលនិងមានការរីកចម្រើនយ៉ាងខ្លាំងពីរបស់ដែលគាត់បានបង្កើតក្នុង អន្តេវាសិកដ្ឋាននែមហាវិទ្យាល័យរបស់គាត់ ដែលបើគិតត្រឹមឆ្នាំ ២០០៦ នេះមានមនុស្សរាប់រយអ្នកបានចំណាយពេលវេលាព្រមទាំង កម្លាំងកាយចិត្តក្នុងការ ជួយអភិវឌ្ឍន៍ Drupal ឡើង។ ក្នុងពេលនោះលោកបានធ្វើដំណើរទៅ រដ្ឋ San Francisco ដែលទីនោះលោកបានជួបមនុស្សជាច្រើនដែលមានភាពល្បីល្បាញក្នុងវិស័យ Open-source ហើយគាត់ក៏ចង់ឲ្យ Drupal កាន់តែមានវិសាលភាពធំទៅៗ ដែរ ដូចនេះហើយលោកក៏មានបំណងចង់បង្កើតនូវ មូលនិធិDrupal មួយដែលនិងយកប្រាក់ដែលបានពីការ ឧបត្ថម្ភឬ ប្រាក់ជំនួយនានា សម្រាប់យកមកផ្គត់ផ្គង់ការអភិវឌ្ឍន៍ Drupal ទាំងមូល។ ពីបីខែក្រោយមកក្រោយពីមានការពិភាក្សាគ្នាយ៉ាងម៉ត់ចត់ លោក Dries Buytaert និងលោក Dries Knapen ព្រមទាំងលោក Steven Wittens ដែលសុទ្ធសឹងជាអ្នកមានប្រវត្តិយូរយារជាមួយ Drupal បានសម្រេច ថាបង្កើត មូលនិធិ Drupal (Drupal Foundation) ដែលមានការបង្កើតឡើងដោយមានការទទួលស្គាល់ពីច្បាប់ត្រឹមត្រូវ។
ក្នុងឆ្នាំ ២០០៧ លោក Dries Buytaert និងលោក Jay Batson បានរួមគ្នាបង្កើតនូវក្រុមហ៊ុនថ្មីមួយដែលមានឈ្មោះថា Acquia ដែលក្នុងការចាប់ផ្ដើមនេះ Acquia ទទួលបានប្រាក់នៃការវិនិយោគទុនរហូតដល់ ៧លានដុល្លារសម្រាប់ជាទុនក្នុងការចាប់ផ្ដើមអាជីវកម្ម។ Acquia មានបម្រើសេវាកម្មព្រមទាំងផ្ដល់នូវផលិតផល, Hosting ព្រមទាំងការប្រឹក្សាពី Drupal សម្រាប់ទៅរាល់អតិថិជនដែល រាល់អតិថិជនរបស់ Acquiaត្រូវបង់ប្រាក់ប្រហែលជាង ៣៥០ ដុល្លារក្នុងមួយឆ្នាំដើម្បីប្រើប្រាស់សេវាកម្មនិងផលិតផលទាំងនោះ Dries បាននិយាយថាវាជាតម្លៃដ៏ទាបបំផុតសម្រាប់រាល់មុខជំនួញទាំងឡាយ។
ក្នុងឆ្នាំ ២០០៧ និងឆ្នាំ ២០០៨ នេះដែរក៏អាចនិយាយបានថាជាឆ្នាំដែល Drupal ទទួលបាននូវជោគជ័យបំផុតផងដែរដែល Drupal បានការពេញនិយមជាខ្លាំងដែលរួមមានការ Download យកទៅប្រើប្រាស់រហូតដល់ ១លានកន្លះ ដែលមានការកើនឡើង១២៥%។
តែសម្រាប់ Dries Buytaert វិញក៏កាន់តែមានភាពជោគជ័យផងដែរដែលក្នុងថ្ងៃទី ៣១ខែមិនា ឆ្នាំ ២០០៨ នេះគាត់បានបញ្ចេញនូវសេវាកម្មថ្មីមួយទៀតដែលមានឈ្មោះថា Mollom ដែលជាសេវាកម្មមួយដែលសំដៅទៅលើការទប់ស្កាត់ Spam នៅលើគេហទំព័រ។ រហូតមកដល់ពេលនេះមានគេហទំព័រជាង ១៥០០០ ដែលកំពុងប្រើប្រាស់ Mollom ដែល Mollom បាន Scan និងវិភាគទៅលើ សាររាប់លានក្នុងមួយថ្ងៃៗដើម្បីឲ្យដឹងថាសារទាំងនោះជា Spam ដែរឬទេ។
ក្នុងឆ្នាំ ២០០៨នេះហើយដែលលោក Dries Buytaert ត្រូវបានគេបោះឆ្នោតឲ្យក្លាយជា សហគ្រិនវ័យក្មេងផ្នែក បច្ចេកវិទ្យា នៅក្នុងទស្សនាវដ្ដី BusinessWeek ក៏ដូចជា កំពូលអ្នកច្នៃប្រឌិតទាំង ៣៥របស់ MIT TR ។
ក្នុងឆ្នាំ បន្ទាប់គឺឆ្នាំ ២០០៩ លោក Dries Buytaert ក៏បានទទួលនូវកិត្តិយសមួយទៀតគឺបានឈ្មោះជា កំពូលមនុស្សដែលមានឥទ្ធិពលបំផុតក្នុងវិស័យ Open Source នាឆ្នាំ ២០០៩ នៅក្នុងកម្មវិធី MindTouch។
សម្រាប់ឆ្នាំ ២០១០ ជំនាន់ថ្មីបំផុតរបស់ Drupal នោះគឺជំនាន់ 6.19 ដែលពេលនេះ ជំនាន់ 7.0 កំពុងតែបានដាក់អោយប្រើប្រាស់សាកល្បង (Alpha Test) តែប៉ុណ្ណោះ។ មកដល់ខែកក្កដាឆ្នាំ ២០១០ មានព័ត៌មានដែលមិនផ្លូវការមួយបាននិយាយថា មានគេហទំព័រចំនួន ៧,២ លានដែលកំពុងតែដំណើរការដោយប្រើប្រាស់ Drupal ដែលភាគច្រើននៃគេហទំព័រទាំងនោះមានទំហំធំនិងជារបស់អង្គការនិង ស្ថាប័នធំៗជាច្រើនផង ដែលសរបញ្ជាក់ឲ្យឃើញថាDrupal មានការគាំទ្រនិងទុកចិត្តច្រើនពីសំណាក់ Web Developer ទាំងឡាយ តែតាមការពិតមិនមាននរណាម្នាក់ដឹងពីទិន្នន័យនេះទេ។ ក្នុងឆ្នាំ ២០១០ នេះដែរ Drupal ក៏ទទួលបានពានរង្វាន់ជា CMS ល្អឥតខ្ចោះដែលប្រគល់ដោយ ក្រុមហ៊ុន PackPub ដែលជាក្រុមហ៊ុនបោះពុម្ពសៀវភៅផ្នែក Web Development ធំជាងគេមួយក្នុងពិភពលោក(គួរបញ្ជាក់ថា Drupal ធ្លាប់បានទទួលពានរង្វាន់នេះតាំងពីឆ្នាំ ២០០៧ រហូតមកម្ល៉េះ)។
មកដល់ពេលនេះ Drupal នៅតែជា CMS ដែលឈានមុខគេ ដែលប្រកបដោយភាពបត់បែន និងមានសុវត្ថិភាពខ្ពស់ក្នុងការយកទៅបង្កើត គេហទំព័រតាំងពីខ្នាតតូចរហូតដល់ខ្នាតធំ។ ខាងក្រោមនេះជាគុណសម្បត្តិមួយចំនួនដែលធ្វើអោយ Drupal នៅតែឈានមុខគេ៖
-
Drupal គឺឥតគិតថ្លៃ និងមានលក្ខណៈ Open-source ដែលលោកអ្នកអាចយកទៅប្រើប្រាស់បានគ្រប់កាលៈទេសៈដោយមិនចាំបាច់ខ្វាយខ្វល់ពី អាជ្ញាប័ណ្ណឡើយ។
-
ដំណើរការជាមួយ PHP/MY SQL ឬ PostgreSQL និងពឹងផ្អែកលើ Apache ដែលជាទូទៅគឺស្ថិតនៅលើ Linux Hosting ដែលវាធ្វើអោយលោកអ្នកចំណាយអស់តិចបំផុតជាមួយ Hosting។
-
Drupal មាន Theme និង Module រាប់រយរាប់ព័ន្ធដែលភាគច្រើន គឺត្រូវបានផ្ដល់ឲ្យដោយមិនគិតថ្លៃ ដូចនេះហើយវាអាចជួយអោយលោកអ្នកអាចបន្ថែមសមត្ថភាពអោយ Drupal បានតាមតែតម្រូវការលោកអ្នកចង់បាន។
-
Drupal មានសហគមន៍ (Community) យ៉ាងធំដែលពេលដែលលោកអ្នកចូលទៅកាន់គេហទំព័រ Drupal.org លោកអ្នកអាចចូលទៅពិភាក្សាឬ ដោះស្រាយបញ្ហាលោកអ្នកក្នុង Forum ដែលមានសមាជិកក្នុងនោះយ៉ាងច្រើននិងព្យាយាមជួយដោះស្រាយលោកអ្នក ។
-
Drupal មានភាពងាយស្រួលក្នុងការធ្វើ SEO (Search Engine Optimization)។ រាល់គេហទំព័រដែលបានបង្កើតជាមួយ Drupal គឺសុទ្ធសឹងតែមានភាពប្រសើរក្នុងការធ្វើឲ្យគេហទំព័រលោកអ្នកអាចគ្រងដំណែងទី ១នៃ Search Engine នានា( Googl, Bing) សម្រាប់ Keyword ដែលលោកអ្នកប្រាថ្នាចង់បាន៕
Tags: CMS, ចំណេះដឹង
Subscribe to:
Post Comments (Atom)
ពត៍មានថ្មីៗ
Share your views...
0 Respones to "ស្វែងយល់អំពីប្រវត្តិនិងស្ថាបនិកដែលបង្កើត Drupal"
Post a Comment