ផលិតផលរបស់ Apple ដែលរហូតមកទល់បច្ចុប្បន្ន មិនសូវឃើញមានការផ្លាស់ប្ដូរ |
ក្រុមអ្នកវិភាគជំនាញខាងបច្ចេកវិទ្យា មានចម្ងល់ទៅលើសមត្ថភាពរបស់ក្រុមហ៊ុន Apple ដែលត្រូវប្រឈម និង ទប់នឹងការងើបជោរឡើងខ្លាំង នៃប្រព័ន្ធ Android របស់ក្រុមហ៊ុន Google ដែលមានប្រើប្រាស់ ក្នុងប្រព័ន្ធទូរស័ព្ទឆ្លាតវៃ និង tablet។
អ្នកវិភាគម្នាក់បានសរសេរថា «អ្នកដាក់ទុនបានបាត់បង់ជំនឿ ទៅលើការងាររបស់ Apple។ ចង្វាក់នៃភាពជឿនលឿនទៅមុខនៃបច្ចេកវិទ្យា កំពុងស្ថិតក្នុងអោនភាពមួយ ខណៈពេលដែលគូប្រជែង កំពុងបង្កើនល្បឿនទៅមុខ។»និយាយឲ្យពិត ផលិតផលបញ្ចេញមកលក់ដោយ Apple កាលពីពេលថ្មីៗនេះ មិនបានលើកបង្ហាញពី របកគំហើញបន្ថែមទៀតនៃបច្ចេកវិទ្យា ទៅលើអ្វីដែល Apple ធ្លាប់មានពីមុនមកនោះទេ។ iPad mini ចេញមកលក់ថ្មីៗនេះ មើលទៅដូចជាគ្រាន់តែមាន រូបរាងតូចជាង iPad មុនប៉ុណ្ណោះ តែមានតម្លៃដល់ទៅ 40% ថ្លៃជាងផលិតផលរបស់គូប្រជែង ដែលមានលក្ខណៈប្រហាក់ប្រហែលគ្នា។ រីឯ iPad4 ដែលបានចេញលក់រួចហើយ ក៏នៅមិនខុសគ្នាប៉ុន្មានពី iPad ដែលចេញមកលក់ពី 6 ខែមុនដែរ ដោយគ្រាន់តែបានបន្ថែម នូវកម្លាំងខ្លាំងជាមុនប៉ុណ្ណោះ។ ទូរស័ព្ទ iPhone 5 ដែលដាក់ចេញមកលក់កាលពីចុងខែមុន ក៏មិនមានអ្វីបន្ថែមផ្សេង ក្រៅតែពីបានផ្លាស់ប្ដូរទំហំអេក្រង់ ខណៈគូប្រជែងរបស់ Apple ធ្លាប់ផលិតអេក្រង់ទូរស័ព្ទធំៗបែបនេះ តាំងពីប៉ុន្មានឆ្នាំមុនមកម្ល៉េះ។ បើគេមើលទៅ ផលិតផលកុំព្យូទ័រផ្សេងទៀតដូចជា iMac ឬ Macbook Pro ឬ Mac Mini ក៏ Apple បានបញ្ចេញមកលក់ ទាំងមិនបានបន្ថែមមកជាមួយ នូវបច្ចេកវិទ្យាអ្វីផ្សេងទៀត ឲ្យអស្ចារ្យនោះផងទេ។
ស្របពេលជាមួយគ្នានេះ កម្មវិធីផែនទីថ្មីមួយរបស់ Apple ក៏មានដំណើរការមិនស្រួល ដោយរួមទាំងការចាកចេញទាំងបង្ខំរបស់ ស្កុត ហ្វ័រស្ត័ល ម្ចាស់គម្រោង នៃ iOS ជាប្រព័ន្ធដំណើរការរបស់ Apple ដើម្បីឲ្យផលិតផលកុំព្យូទ័រដើរទៅមុខផងទៀត។ សូមបញ្ជាក់ថា ទូរស័ព្ទដែលប្រើប្រព័ន្ធ Android បានបង្កើតការលក់ដាច់រហូតដល់ទៅ 75% នៅក្នុងទីផ្សារពិភពលោកសព្វថ្ងៃ។ រីឯ iPad ដែលធ្លាប់តែមានភាពផ្ដាច់មុខ ដោយលក់ដាច់បានរហូតដល់ទៅ 66% ក្នុងពេលមុន បានថយឥទ្ធិពលរបស់ខ្លួន ដោយលក់ចេញបានត្រឹមតែ 50% ប៉ុណ្ណោះ ក្នុងរយៈពេលចុងក្រោយនេះ។ ភាគរយនៃការដាក់លក់ ពីផលិតផលរបស់ខ្លួន បានថយចុះ 4 ដង តិចជាងGoogle និង Microsoft។
ក្រោយមរណភាពរបស់ Steve Jobs ប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន Apple ត្រូវបានដាក់ឲ្យមានដំណើរដើរទៅមុខ ដោយគ្មានអ្នកកាន់ចង្កូតច្បាស់លាស់ ហើយលែងសូវមានការរុករកស្រាវជ្រាវ និងការអភិវឌ្ឍន៍អ្វីឲ្យខ្លាំងដូចមុន។ តែទោះជាសភាពជាក់ស្ដែង បានបង្ហាញចេញឲ្យឃើញយ៉ាងដូច្នេះក៏ដោយ ក៏អ្នកវិភាគមួយចំនួនទៀត នៅតែមានសុទិដ្ឋិនិយមទៅលើក្រុមហ៊ុនមួយនេះដែរ។ ក្រុមអ្នកវិភាគនោះបាននិយាយថា «សហគ្រាស Apple មាន ភាពជោគជ័យ ក្នុងការចំណាយចេញ តិចជាងសហគ្រាសផ្សេងទៀត ដោយនៅតែផ្ចង់អារម្មណ៍ ជាមួយនឹងផលិតផលដ៏ល្អរបស់ខ្លួន។» ការវិភាគនោះ បានរំពឹងថា ជាមួយនឹងទឹកប្រាក់ប្រមាណជា 100 កោដិដុល្លារ នៅក្នុងដៃដ៏រឹងមាំនេះ Apple អាចនឹងប្រើប្រាស់វា ដើម្បីទិញបច្ចេកវិទ្យាណាផ្សេងទៀត ដើម្បីយកមកបង្កើនគុណភាព នៃផលិតផលរបស់ខ្លួន។ តែអ្វីៗ នឹងមិនអាចដឹងឲ្យច្បាស់ នៅមុនឆ្នាំក្រោយនេះទេ៕
_____________________________________________
ដកស្រង់ពី ៖
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី 14 ខែវិច្ឆិកា ឆ្នាំ 2012
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ
Share your views...
0 Respones to "បច្ចេកវិទ្យា Apple ជួបបញ្ហាមិនទៅមុខ? "
Post a Comment